Saturday, December 14, 2013

ដើមកំណើតរន្ទះ


កាល ពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា បិសាច និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀង ខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណា យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី ឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់
រាមាសូរ ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ និងស្មៅផ្សេងៗ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានផលល្អសោះ
ចំណែកឯនាងមេខលា ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ អាស្រ័យដោយហេតុដូច្នេះ នាងក៏រកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ហេតុដូច្នេះ បានជានាងអារក្ខទេវីត្រូវបានតាបសសម្គាល់ថា ប៉ិនប្រសប់ជាងបិសាច
តាបសជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវ ហើយប្រគលទៅឲ្យនាងមេខលាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងណាស់ បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើង នោះមួយរំពេច សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះ កាត់អាកាសកប់ពពកជ្រកអាចម៍ជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់
នាងអារក្ខទេវី ក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើ ស្រាប់តែហៅវឹងទៅលើមេឃតម្រងទៅមហាសាគរ
ចំណែកឯរាមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសីៗ ពោលថាចៅឯងយករបស់នេះមកយឹតយូរពេក ហួសពេលតាត្រូវការ ឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តា អាចជប់វត្ថុបែបនេះបានតែមួយដងទេ
កាលបើបានឮមហាតាបសថាដូច្នេះ រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ប្រមាណ ហើយក៏ស្រែកយំអណ្ដើកអណ្ដកយ៉ាងខ្លាំង
ដើម្បីលួងចិត្តបិសាច តាបសក៏ប្រាប់ថាចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឲ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាស ដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងៗ ចូរអ្នកចោលពូថៅនេះទៅលើវា វានឹងបោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះ ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាម មុននឹងចោលពូថៅទៅលើវា
កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមកែវមនោហរា ប៉ុន្តែកាលបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់
កាលបើក្រឡេកឃើញពន្លឺចាំង នៃកែវមានសិល្ប៍ភ្លាម បិសាចក៏បិទភ្នែកវាជិតរួចគ្រវែងអាវុធវាទៅ
អាវុធនោះ ក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាទេ
ចាប់តាំងពីពេលនោះមក ទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសម្លេងយ៉ាងខ្លាំងនៃអាវុធនោះ
អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណា ដែលឃើញមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថាកាំរន្ទះ ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី

0 ផ្ដល់យោបល់:

Post a Comment

សូមអធ្យាស្រ័យ និង សូមអភ័យទោស ចំពោះម្ចាស់ប្រភពពត៌មាន ដែលខ្ងុំបានដក់ស្រងពត៌មាន ។ ក្នុងគោលបំណងចែកចជូនកូនខ្មែរអោយបានដឹង មិនមែនជាជំនួញរបស់ខ្ងុំបាទទេ។



Sorry! Other website owners! of me add on my website, Purpose. to Share knowledge to each other. not my business.