១. ការជ្រើសរើសពូជ និងការត្រៀមពូជដាំ
ល្ហុងដែលគាត់ដាំ ជាពូជដែលជ្រើសរើស និងរក្សាទុកដោយខ្លួនឯង ។
ចំពោះលក្ខណៈពូជដែលគាត់ជ្រើសរើសមានផ្លែធំវែង
ផ្លែច្រើមិនដាច់ដើមមានសុខភាពល្អ ។ នៅពេលដែលផ្លែទុំល្អ
គាត់ពុះយកគ្រាប់ចេញពីផ្លែទៅលាងទឹកឲ្យជ្រះរំអិល រួចយកទៅហាល
ឬសំដិលរហូតស្ងួត (២-៣ ថ្ងៃ) ទើបយកទៅច្រកកែវទុក ។
២. ការបណ្តុះកូន
គាត់បានយកគ្រាប់ទៅបណ្តុះ មុននឹងយកទៅដាក់ដាំក្នុងចំការ ។
គាត់យកដីដែលមានជីជាតិច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀមរួចជាស្រេច
បន្ទាប់មកយកគ្រាប់ទៅត្រាំទឹករយៈពេល ២ ថ្ងៃ និងផ្អាប់ទុករយៈពេល ៧ ថ្ងៃ
(ឲ្យដុះពន្លកសៗ) ទើបយកទៅដាក់ដាំនៅក្នុងថង់ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។
ក្រោយពីដាក់គ្រាប់បណ្តុះហើយ គាត់ស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ
ដើម្បីឲ្យកូនល្ហុងលូតលាស់ល្អ ។ ចំពោះថ្នាលបណ្តុះកូន
គាត់បានប្រក់រោងសំណាញ់ដើម្បីកុំឲ្យកូនល្ហុងត្រូវពន្លឺខ្លាំងពេក ។
៣.ការរៀបចំដីដាំ
ក្នុងការរៀបចំដីដាំ គាត់ភ្ជួរហាលដី ៤-៥លើក
ដោយចន្លោះពីមួយលើកទៅមួយលើកមានរយៈពេល ១០ ថ្ងៃ ។ នៅពេលភ្ជួរលើកទី ១
គាត់បានដាក់ជីលាមកសត្វពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរលុបលើផ្ទៃដី ១៣ អារ ។
ក្រោយពីភ្ជួររាស់ហាលដី រួចគាត់លើកជារងដែលមានទទឹង ១,៥ ម៉ែត្រ
បណ្តោយទៅតាមស្ថានភាពដី ។ នៅលើរង គាត់ជីករណ្តៅជាជួររណ្តៅ និមួយៗទំហំ ៣
តឹកបួនជ្រុង និងជំរៅ ៣ តឹក ដោយទុកចន្លោះពីររណ្តៅមួយទៅមួយ ២,៥ ម៉ែត្រ ។
នៅក្នុងរណ្តៅនិមួយៗ គាត់ដាក់ជីលាមកសត្វពុកផុយច្របល់ជាមួយដីឲ្យសព្វ ។
៤.ការដាំ
គាត់ចាប់ផ្តើមយកកូនល្ហុងទៅដាំនៅចុងខែមេសា ឬដើមខែឧសភា ដែលជាដើមរដូវ
ដើម្បីកាត់បន្ថយការស្រោចទឹក ។ កូនល្ហុងដែលគាត់យកមកដាំមានអាយុ ៤៥ ថ្ងៃ
គាត់បានហែកថង់ចេញ រួចដាក់ក្នុងរណ្តៅ
បន្ទាប់មកយកដីនៅមាត់រណ្តៅលុបសង្កត់ឲ្យណែន
រួចយកកំទេចចំបើងគ្របជុំវិញគល់ និងស្រោចទឹកឲ្យជោគ ។
ក្នុងមួយរណ្តៅដាំមួយដើម ដោយជ្រើសរើសយកតែកូនល្ហុងដែលមានសុខភាពល្អ ។
៥.ការថែទាំ
នៅពេលល្ហុងនៅតូច គាត់ស្រោចទឹក ១ ថ្ងៃម្តង
ដោយប្រើទុយយោបាញ់នៅលើស្លឹករហូតដល់ល្ហុងធំចេញផ្កាគាត់បញ្ចូលទឹកនៅតាមចន្លោះរង
៣ ថ្ងៃម្តង លៃយ៉ាងណាកុំឲ្យដីស្ងួតពេក ឬសើមពេក ។ ក្រៅពីការស្រោចទឹក
គាត់ឧស្សាហ៍ពូនគល់ គឺនៅពេលដែលសង្កេតឃើញឫសល្ហុងមួយចំនួនដុះលើផ្ទៃដី
និងក្រោយការប្រមូលផលលើកទី ២ ។
ល្ហុងជាដំណាំដែលត្រូវការពន្លឺថ្ងៃដូច្នេះគាត់បានកាច់មែកងាប់ៗនៅក្បែរគល់ប្រមូលចោល
និងធ្វើស្មៅក្បែរគល់
ដើម្បីកុំឲ្យមានភាពស៊ុបទ្រុបឲ្យពន្លឺចាំងចូលគ្រប់គ្រាន់ ។
អ្នកមីងបានប្រើជីកែង ចំនួន ៥ គីឡូក្រាម
សម្រាប់បំប៉នដោយដាក់នៅក្បែរគល់មួយរណ្តៅបន្តិចៗ ។ ក្នុងការដាំល្ហុងនេះ គាត់តែងជួបប្រទះនូវសត្វល្អិត និងជំងឺមួយចំនួនដូចជា ជំងឺរលួយគល់ ធ្វើឲ្យស្លឹកស្រពោន រលួយឫស និងគល់ត្រឹមស្មើដីតែម្តង ជំងឺពុកឫសកែវធ្វើឲ្យស្លឹកឡើងលឿង និងបញ្ឈប់ការចេញផ្លែ ជំងឺឆ្កួតត្រួយ ធ្វើឲ្យត្រួយរួញ ហើយផ្អាកការចេញផ្លែ ។
ចំពោះវិធានការណ៍កំចាត់ បើល្ហុងនៅតូចគាត់ ដកដើមចោល ឬ កាត់ស្លឹក ឬ ត្រួយដែលកើតជំងឺចោល ។ ចំពោះសត្វល្អិតមានក្រាមរោមផ្លែ ដែលធ្វើឲ្យផ្លែមិនសូវលូតលាស់ ហើយគ្មានរសជាតិ ។ ករណីសត្វក្រារោមផ្លែគាត់មិនទាន់ មានវិធានការណ៍កំចាត់ទេ ប៉ុន្តែវាកើតមានតិចតួច ប៉ុណ្ណោះក្នុងចំការរបស់គាត់ ។
![](http://www.cen.com.kh/images/general_knowledge/agriculture/crop/papaya_collect.jpg)
៦.ការប្រមូលផល
ក្រោយពេលដាំបានរយៈពេល ៥ខែ គាត់ប្រមូលផលផ្លែល្ហុងចាស់លក់ ។ ការបេះ
ធ្វើឡើងបន្តបន្ទាប់ក្នុងរយៈពេល ៦ខែ ទៅ ១ឆ្នាំ ក្រោយពីបេះលើកទី ១
រហូតដល់ខ្សោយ ទើបគាត់កាប់ដើមចាស់ចោល និងដាំថ្មីឡើងវិញ ។
តាមការប៉ាន់ស្មានរបស់គាត់ ជាសរុបគាត់បេះលក់បានប្រមាណ ១២ តោន (ល្ហុងខ្ចី)
។ ហើយបើទូទាត់លើការចំណាយ គាត់ទទួលបានចំណូលសុទ្ធ ២-៣ លានរៀល ។ ![](http://www.cen.com.kh/images/general_knowledge/agriculture/crop/papaya_infestation.jpg)
៧.ចំណាប់អារម្មណ៍របស់កសិករ
អ្នកមីងមានចំណាប់អារម្មណ៍ថា គាត់ពេញចិត្តនឹងទិន្នផលដែលគាត់ទទួលបាន ។
ការដាំល្ហុងចំណាយពេលថែទាំតិចជាងការដាំបន្លែ រីឯផលដែលបានមកងាយស្រួលលក់
ហើយគាត់សង្ឃឹមថា ទៅថ្ងៃមុខ គាត់នឹងអាចទទួលបាននូវបច្ចេកទេសថ្មីល្អៗ
មកអនុវត្តន៍លើចំការរបស់គាត់ ដើម្បីឲ្យទទួលផលកាន់តែខ្ពស់ ។ សរុបមក បច្ចេកទេសសំខាន់ៗ ក្នុងការដាំល្ហុងមាន:
- ជ្រើសរើសពូជដែលមានផ្លែធំវែង និងទុំល្អទុកធ្វើពូជ
- បណ្តុះគ្រាប់ និងថែទាំឲ្យកូនល្ហុងមានសុខភាពល្អ មុនយកទៅដាំក្នុងចំការ
- ភ្ជួរដីហាលច្រើនសារឲ្យដីធូរ និងស្ងួតទឹក
- រៀបចំរណ្តៅជាជួរដាំនៅពេលមានអាយុ ៤៥ ថ្ងៃ ដោយជ្រើសរើសតែកូនមានសុខភាពល្អ
- ថែទាំគ្រប់គល់ ពូនគល់ បោចស្មៅ និងកាច់ស្លឹកងាប់ៗនៅខាងក្រោមចោលស្រោចទឹកពេលល្ហុងនៅតូច និង ៣ ថ្ងៃម្តង ពេលផ្កា ។
0 ផ្ដល់យោបល់:
Post a Comment