Thursday, November 28, 2013

កំណាព្យ បទពាក្យ៧ កែខ្លួនទៅអូនទាន់នៅក្មេង

ដោយ ផ្លុង​ រ៉េត ថ្ងៃទី 20 ខែ កុម្ភៈ ឆ្នាំ​ 2012
-កែខ្លួនទៅអូនទាន់នៅក្មេង           កុំវគ់និងល្បែងបៀរអាប៉ោង
កុំវគ់កញ្ឆាម៉ាច្រកស្បោង                ហេរ៉ូអិុនកុំតោងជាថ្នាំញៀន។
-កុំវគ់និងភ្លេងគេប្រគុំ                      នាំអោយទុកធំមករុករាន
ទោះបីជាអូនខ្វះធន់ធាន                ក៏អូននាងមានកិត្តិយសដែរ។
-អូនកុំសប្បាយចាយលុយតា       យកលុយដុល្លារជាគូរស្នេហ៍
លុយនេះធ្វើអោយអូនប្រូលប្រែ   ក្បត់ចិត្តពុកម៉ែធ្លាប់ស្មោះស។
-សប្បាយនិងភ្លើងពុលនិងភ្លេង     ប្រុសស្រីចាស់ក្មេងច្រៀងបន្ទរ
អ្នកខ្លះទះដៃជួយអប់អរ                 អូនកៀកកំដរនិងប្រុសថ្លៃ។
-ពេលនេះអូនក្មេងពេញសម្រស់  សាច់សខ្ចីស្រស់ដូចសំលី
រាងតូចស្រលូនសមជើងដៃ          សក់គ្រប់សរសៃពណ៍ហាយឡាយ។
-ដំណើរអូនដើររាងល្វតល្វន         ចង្កេះរាវទន់ត្រគៀគសាយ
សំពត់ខ្លីខើចបក់ផាត់ផាយ            នេត្រាឆោមឆាយខ្មៅស្រទន់។
-ក្លិនខ្លួនក្រអូបដូចបុប្ផា                  បក់ចំប្រុសណាដូចត្រូវមន្ត
ប្រុសចាស់ប្រុសក្មេងមើលគយគន់ សូម្បីទឹកជន់ក៏ឈប់ហូរ។
-អាយុជ្រៀលជ្រេទេទាបទៅ       នោះទើបស្រីពៅនិមលថ្ងូរ
អ្នកធ្លាប់ទះដៃច្រៀងបន្ទរ              គេឈប់គាំទ្រភ្លេចឆោមឆាយ។
-ប្រុសធ្លាប់ស្រលាញ់ទុកដូចដូន  គេលែងស្គាល់អូនស្មានថាយាយ
អំរែកទុកសោកអូនអ្នកស្ពាយ       នេះជាទំនាយដែលបានចារ។
-កែខ្លួនទៅអូនទាន់នៅក្មេង          ម្តេចឈ្លគវង្វេងនិងបនបារ
លក់ក្នុងបន្ទប់ច្រៀងខារ៉ា              ផឹកសុីហឺុហាស្រាវីស្គី។
-បងស្តាយរូបអូនស្មើជីវិត             រៀមរេងអាណិតកែវឆវី
ស្តាយរូបកាយអូនគេញាំញី         ប្រៀបដូចធូលីក្រោមបាទា។
-ដឹងខុសវិលក្រោយជាត្រើយសុខ ត្រើយឃ្លាតចាកទុក្ខផុតរងា
យាន្តនេះជូនអូនផុតកម្មពៀរ        នរកលែងទាមុនកំណត់។
-ការងារច្រើនណាស់ក្នុងសង្គម់    រងចាំរូបមុំស្រីកម្សត់
អោយតែអូនមានចិត្តអំណត់         អូនពិតប្រាកដជាភ្លឺស្វាង។
-សម្តីបងស្មោះមិនមើលងាយ       មិនមែនពេបជ្រាយជាពាក្យម្យ៉ាង
ចង់អោយរូបអូនមានសំណាង      សម្តីត្រដាងពីដួងចិត្ត។
-បើអូនបានស្តាប់ឆាប់គិតគូរ          កុំអែអង់យូណាវមិត្ត
រោគអេដសុីដាវាមានពិត             កប់ជ្រៅងងឹតនៅក្នុងឈាម។
-រោគនេះឆ្លងហើយជារនាំ             រុគរានតតាំច្បាំងគំរាម
សាច់ធាត់សខ្ចីខ្លាយជាក្រៀម       ខ្លួនក្តៅរងៀមស្បែកគ្របឆ្អឹង។
-បងគិតថាអូនពិតជាយល់            តែស្រស់និមលធ្វើមិនដឹង
កំពុងវង្វេងព្រោះស្រវឹង                 ចាំស្វាងអូនថ្លឹងថ្លែងអោយច្បាស់។
-ខ្វះអីវិជ្ជានៅក្នុងលោក                  មានច្រើនគគោគសំបូរណាស់
វិជ្ជារកប្រាក់មានមិនខ្វះ                  ប្រយ័ត្នខ្លួនចាស់ទើបស្តាយក្រោយ។
-ខ្ញុំសូមលើកហត្ថឡើងខន្តី            ក្រែងពាក្យសម្តីវាថ្លោះធ្លោយ
ខុសន័យខុសក្បួនខុសជ្រុងជ្រោយ អ្នកអានជួយអោយជាកំណែរ៕
                                                  សៀមរាបថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១១
                                                             និពន្ធដោយ ផ្លុង-រ៉េត
 

0 ផ្ដល់យោបល់:

Post a Comment

សូមអធ្យាស្រ័យ និង សូមអភ័យទោស ចំពោះម្ចាស់ប្រភពពត៌មាន ដែលខ្ងុំបានដក់ស្រងពត៌មាន ។ ក្នុងគោលបំណងចែកចជូនកូនខ្មែរអោយបានដឹង មិនមែនជាជំនួញរបស់ខ្ងុំបាទទេ។



Sorry! Other website owners! of me add on my website, Purpose. to Share knowledge to each other. not my business.