ពីព្រេងនាយមានបុរសម្នាក់
មានប្រពន្ធនៅជាមួយតែពុំមានកូនដល់យូរទៅ
ប្រពន្ធនោះមានសហាយនាំមកដេកជាមួយក្នុងផ្ទះ តែសព្វថ្ងៃ ។
ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃ
ដល់ថ្ងៃកៅ្តចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយ ។
ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់
នឹងយកសហាយធ្វើប្តី
រៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតា ។
ប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថា
"ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ"
គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្តាប់ប្រពន្ធ ។
ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតា
"ខ្ញុំមិនចង់យកប្តីខ្ញុំទេ ខ្ញុំយកប្តីទៀត
សូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១" ។
ប្តីឮដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា "អើបើនាងមានសហាយ
ហើយចង់ឲ្យអញកាច់កប្តីនាងឲ្យស្លាប់នោះ ងាយទេ វិលទៅផ្ទះវិញ
ត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសំបុកស្ងោរឲ្យប្តីនាងស៊ីទៅ
វាស្លាប់ហើយ" មេនោះឮដូច្នោះស្មានថា
អ្នកតាបង្គាប់ក៏ប្រញាប់វិលរកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរ
ទុកឲ្យប្តីស៊ី ដើម្បីឲ្យស្លាប់ ហើយនឹងយកសហាយ ។
លុះដល់ព្រលប់ប្តីមកពីជីដំឡូងដល់ហើយសួរថា "គេហ៍អើយ!
បានអីស៊ីបាយ?" ។ មេនោះឆ្លើយថា
"ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកឲ្យអ្នក" ប្តីថា
"រៀបបាយមកស៊ី" ។ ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកឲ្យប្តីស៊ី
ប្តីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឺៗ ។ មេអរណាស់
គិតស្មានថាប្តីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ ហើយដ្បិតឮថ្ងូរ
ឯប្តីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្តីស្លាប់
ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយ ។
អ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមក
ប្រាប់ថា "រងារណាស់" ។
ឯបុរសសហាយ
ឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះ
ស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេក
សំងំចាំប្តីនោះដេក ខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត ។
ប្តីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា "រងារណាស់
ឯងដាំទឹកឲ្យគា្នមុជទឹកបនិ្តចនឹងអាលស្លាប់" មេនោះឮថា
ចង់ស្លាប់ដូច្នោះ អរណាស់ដ្បិតត្រូវនឹងពាក្យដែលទៅបន់អ្នកតា ។
លុះប្រពន្ធដាំទឹកពុះហើយ ប្តីថា "ទៅដងទឹកត្រជាក់បាន១
ក្អមមកយកមកលាយនឹងទឹកក្តៅនោះ" ។ ប្រពន្ធឮប្តីដូច្នោះ
ក៏យកក្អមចេញទៅដងទឹក ។ ប្តីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើង
ដើរទៅលើកទឹកពុះ ១
ខ្ទះនោះយកទៅស្រោចលើសហាយនៅក្នុងពាងនោះស្លាប់ទៅ
ហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឺៗទៀត ។
មេនោះវិលពីដងទឹកវិញ
មើលទៅឃើញសហាយត្រូវទឹកក្តៅរួញសសៃដូចគេដកកចេញពីពាងមកក៏អោន
ខ្សឹបថា "ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ" ។
អានោះនៅឆ្ងក់ដដែល មេនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀក
រហែកជ្រុះទាំងសក់ បានដឹងជាប្តីស្រោចទឹកកៅស្លាប់សាហាយទៅហើយ
ក៏ពុំស្តីយកគ្របពាងមកគ្រប ហើយយកទឹកមកឲ្យប្តីងូត ។
ឯប្តីក៏មិនស្តី ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា "អញគ្រាន់បើហើយ"
ហើយហៅប្រពន្ធចូលដេកទៅ ។
លុះព្រឹកព្រហាមឡើង
មេនោះពុំដឹងធ្វើដូចម្តេចនឹងយកខ្មោចចេញឲ្យរួចផុតពីផ្ទះ
ក៏នឹកឃើញថា "ក្នុងស្រុកនេះមានចោរ ៤ នាក់
តែងតែលបលួចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ
ដូច្នេះអញនឹងគិតឲ្យចោរទាំង៤
នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបាន"
គិតហើយក៏ដើរខ្ចីសំពត់ហូល អាវព្រែគេយកមកហាលជុំផ្ទះ ។ ឯចោរទាំង
៤ នាក់នោះឃើញហើយគិតថា "ជើ! មេនេះមានណាស់តើ!
យប់នេះយើងនឹងទៅលួចវាឲ្យបានកុំខាន សព្វថ្ងៃយើងស្មានតែវាក្រ"
។
មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ
លុះដល់ពេលល្ងាចយកទៅជូនគេវិញ
ហើយយកខ្សែចងរឹតរួតពាងខ្មោចនោះឲ្យជាប់ទុកឲ្យចោរចូលមកសែងយកទៅ
។
ឯចោរ ៤ នាក់លុះយប់ក៏បបួលគ្នាទៅលួច
ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច ។
ចោរទាំង៤ នាក់និយាយគ្នាថា របស់អស់នេះវាដាក់ក្នុងពាងនេះហើយ
បើដូច្នេះយើងត្រូវសែងពាងនេះ
ថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយ ក៏ស្រាយលូកមើល ។
អា ១ លូកដៃទៅត្រូវសក់ថាវ៉ើយ សូត្រដកដៃចេញ ។ អា ១
លូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថាវ៉ើយ ខ្មោចទេ ។
អា ១ មិនជឿក៏លូកដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែន
ក៏ស្ទុះរត់ចោល ហើយខឹងណាស់ថា
ដ្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបាន ។ ចោរទាំង ៤ នាក់គិតគ្នាថា
"យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វា
ត្រូវគ្នាយើងចោមរោមចាប់វាវាយឲ្យវារាង កុំឲ្យវាបញ្ឆោតយើងទៀត" ។
ជួនជាថ្ងៃមួយមេនោះចុះទៅរកទិញអីវ៉ាន់
ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។
មេនោះដើរដល់ពាក់កណ្តាលផ្លូវ ក៏ជួនចោរទាំង ៤ នាក់នោះ
ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។
មេនោះឆ្លើយថា "ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរ
ដ្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅដូច្នេះមក!
អញ្ជើញទៅនឹងខ្ញុំៗទារប្រាក់បានចែកគ្នាចាយលេង" ។
ចោរទាំង ៤ នាក់ឮថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។
មេនោះផាំ្តចោរទាំង ៤ នាក់ថា "អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ
បើកាលណាឃើញខ្ញុំបោយដៃនោះ អ្នកចុះទៅចុះបានប្រាក់ហើយ" ។
មេនោះនិយាយផាំ្តចោរទាំង ៤ នាក់ហើយ ក៏ចុះទៅសំពៅ និយាយនឹងនាយសំពៅ
លក់ចោរទាំង៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វា
ហើយចង្អុលបង្ហាញនាយសំពៅថា "នុះហ្ន៎ ! វាទាំង ៤
នាក់បើវាចុះមកខ្ញុំឡើងទៅលើគោក
សូមអ្នកចាប់វាដាក់ច្រវាក់ឲ្យជាប់ទៅ កុំឲ្យវារត់រួចបាន" ។
នាយសំពៅព្រមហើយសួរថា "ខ្ញុំនាងឯងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន?" ។
មេនោះថា "ម្នាក់ថ្លៃ ២ ណែន" ។ នាយសំពៅឲ្យ ១ ណែនកន្លះ
វាក៏ព្រមលក់ ហើយចេញក្រៅបក់ដៃហៅចោរទាំង ៤ នាក់ ។ ចោរទាំង ៤
នាក់គិតស្មានថា វាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយ
ស្រាប់តែនាយសំពៅប្រើមនុស្សឲ្យចាប់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា
។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។
បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្តាលផ្លូវចូល
ជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅ
ប្របផ្លូវនោះ ។
ឯចោរ ៤
នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថា "ជើ!
មេនោះហៅពេញជាប្រាជ្ញធំ
វាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃ
ហើយឥឡូវវាលក់យើងបានទៀត" ។ ចោរទាំង ៤ នាក់ខឹងណាស់
កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោក រត់មកទាំងយប់នោះ
ជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេក ។
ចោរ ៣ នាក់ឡើងដេកលើមែកដោយខ្លួន ។
ចោរម្នាក់ឡើងទៅក៏ជួនមេនោះនៅលើចុងឈើ ។ អាចោរនោះថា "អើ
ហងឯងស្លាប់ហើយម្តងនេះ ហងឯងធ្លាប់តែបញ្ឆោតយើង
ឥឡូវហងឯងរត់ចុះបើរួច" ។
មេនោះលើកប្រាក់បង្ហាញហើយខ្សឹបថា "ណ្ហើយអ្នកកុំស្តី
កុំឲ្យអ្នកទាំង ៣ នាក់ដឹង យើងត្រូវយកគ្នាជាប្តីប្រពន្ធ
ហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង
អ្នកកុំធ្វើបាបខ្ញុំធ្វើអី" ។
អាចោរឮដូច្នេះក៏មិនស្តីខិតចូលទៅជិតលូកដៃអោបកៀកមេនោះថា "អើ!
ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥឡូវបងបាននាងជាប្រពន្ធ
ដោយសារព្រេងសំណាងយើង" និយាយហើយក៏អោបថើបៗ ។ មេនោះពុំប្រកែកហើយថា
"ខ្ញុំក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ
ឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយ" ។ អាចោរនោះថា
"បងស្រឡាញ់ស្មោះ ហើយនាងពុំដឹងចិត្តបង
ចង់ឲ្យបងស្បថឬឲ្យបងធ្វើម្តេច?" ។ មេនោះថា
"បើស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិទ្ធអណ្តាតគ្នា"
ទើបមេនោះលៀនអណ្តាតហើយអោនទៅរកអាចោរនោះ ។
មេនោះខាំអណ្តាតអាចោរនោះដាច់អស់មួយកំណាត់
ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកឮតែឡុលៗ ។
ឯចោរ ៣ នាក់គិតស្មានថា នាយសំពៅចោមចាប់ ក៏លោតពីមែកឈើរត់ទៅ
ហើយស្រែកហៅគ្នាថា "វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ" ។
អាចោរដែលដាច់អណ្តាតនោះស្រែកហៅគ្នាវាថា
"មេនោះនៅចុងឈើត្រូវមកចាប់"
ប៉ុន្តែវាដាច់អណ្តាតនិយាយមិនច្បាស់ឮតែឡុលៗ គ្នាវាគិតស្មានថា
គេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងៗខ្លួន ។
ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តី នៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយទៅ ៕
Saturday, December 14, 2013
រឿង មាយាស្រី
9:02 PM
មិនមានយោបល់
Subscribe to:
Post Comments (Atom)
0 ផ្ដល់យោបល់:
Post a Comment