កាលពីព្រេងនាយមានជនពីរនាក់ប្តីប្រពន្ធ
បុរសជាប្តីបានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់យកប្រាក់ ៣០
តម្លឹងលាប្រពន្ធដើរទៅរៀន ដើរពីស្រុកមួយដល់ខេត្តមួយ
ឮគេថាត្រង់ណាមានអ្នកចេះរបៀបអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ
ដល់ទៅជូបគ្រូណាពូកែគេសូត្រឲ្យស្តាប់
គេធ្វើឲ្យមើលដូចម្តេចៗក៏ចេះតែមិនចូលចិត្ត
លុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់ ។
តាចាស់សួរថា "អ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វី?"
។ បុរសនោះឆ្លើយថា "ឱ! តាអើយ! ខ្ញុំមកនេះដ្បិតឮគេថា
នៅទីនេះមានគ្រូចេះរបៀនពូកែ បានជាខ្ញុំខំសង្វាតមក
ក្រែងតាចេះដឹងប្រដៅចៅផង" ។ តាចាស់ឆ្លើយថា "តាមានរបៀនបីបទតំលៃ
៣០ តម្លឹង បើអ្នកឯងកាន់ជាប់ អ្នកឯងមិនច្បុតទេ គង់បានដូចចិត្ត
បើមានកិច្ចដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់" ។
បុរសនោះថា "តាសូត្រឲ្យខ្ញុំស្តាប់មើល! បើចូលចិត្តខ្ញុំយក" ។
តានោះសូត្រឲ្យស្តាប់ថា "រពឹសដៃផ្ទៃឆ្អែត ដេកយប់កុំនិយាយនឹងស្រី
ឃ្លានកុំអាលស៊ី" ។ បុរសនោះស្តាប់បានចូលចិត្តក៏ប្រគល់ប្រាក់ ៣០
តម្លឹងឲ្យតានោះ ហើយទន្ទេញរបៀនទាំងបីបទនោះចាំស្ទាត់រត់មាត់ ។
ឯតាចាស់ប្រាប់ថា "បើចៅកាន់របៀនទាំងបីម៉ាត់នេះ
តាឲ្យទទេមិនយកតម្លៃទេ" ហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញ ។
បុរសនោះលាតាចាស់នោះវិលមកស្រុកវិញ ។
មាត់បុរសនោះចេះតែទន្ទេញរបៀនបីបទនោះចប់តែផ្លូវមកពុំមានភ្លេច
។ លុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយ
បុរសនោះក៏សួរសុំដោយសារសំពៅមកស្រុក ដង្ខៅសំពៅក៏ឲ្យដោយសារ
បុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណា
ក៏ចេះតែទន្ទេញពាក្យរបៀនបីបទនោះ ហើយចេះតែជួយលាងជួយថែទាំ
ជួយជួសជុលសំពៅដូចជារបស់ខ្លួន ។ នាយសំពៅនឹកក្នុងចិត្តថា
"អ្នកនេះតាំងតែពីចុះមកដោយសារសំពៅអញកាលណា
គាត់ចេះតែធ្វើការដូចជារបស់គាត់" នឹកហើយក៏ស្រឡាញ់បុរសនោះ
ឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមក ។ ឯបុរសនោះពុំខ្ជិលសោះ
ចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតៗ ។
នាយសំពៅនឹកតែក្នុងចិត្តថា
"បើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនោះរកស៊ីតទៅ" ។
លុះបើកសំពៅមកដល់កណ្តាលស្រុកមួយ
បានឃើញវិហារមួយគេរៀបអណ្តាប់ពោរពាសសុទ្ធតែចំណីស្រា
បាយទុកឲ្យយក្សវាស៊ី ។
ឯអ្នកសំពៅកាលដល់វិហារនោះ
ក៏ចតសំពៅឡើងលេង ឃើញចំណីទាំងនោះ
ពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹង
ដេកនៅក្នុងវិហារនោះទាំងអស់គ្នា
ខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទេញថា "រពឹសដៃផ្ទៃឆ្អែត
ដេកយប់កុំនិយាយនឹងស្រី ឃ្លានកុំអាលស៊ី" ដោយគិតថា
"ចំណីទាំងអស់នេះមានស៊ីគង់តែមានភ័យពុំខាន"
គិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់
លបមើល ។
លុះដល់ថ្ងៃត្រង់ យក្សមកដល់ហើយវាខឹងណាស់ថា
"នរណាក៏ហ៊ានមកស៊ីចំណីអស់នេះ គេរៀបទុកឲ្យអញស៊ីទេ
ឥឡូវវាស៊ីអស់ហើយ វាដេកនៅទីនោះ" ។
យក្សថាហើយក៏បោះដំបងទៅវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅ ។
ឯដំបងក៏វិលមកខាង យក្សវិញ
ហើយយក្សក៏កាច់កមនុស្សទាំងអស់នោះស៊ីទៅ រួចក្រឡេកមើលក្រឡេមក្រឡឺម
។ បុរសឃើញយក្សភ័យណាស់ មាត់ចេះតែទន្ទេញរបៀនបីបទ ហើយគិតថា
"បើអញស្រែកក្រែងយក្ខវាឮ វាឃើញអញហើយវានឹងស៊ីអញទៀត" ។
គិតហើយក៏លោតពីលើធ្នឹមស្រែកវ៉ាសឡើង ។
យក្សភ័យណាស់ក៏រត់ចោលដំបងទៅបាត់ទៅ។ បុរសនោះបានដំបងវាយឯងហើយ
ក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯង ។
លុះដើរមកដល់ផ្ទះក្នុងវេលាយប់
បុរសនោះយកដំបងទៅលាក់ក្រោមជណ្តើរយកថ្មសង្កត់លើហើយឡើងទៅដេកលើ
ផ្ទះ ។ ប្រពន្ធសួរប្រាប់ប្រពន្ធថា "ចាំព្រឹកសឹមនិយាយប្រាប់" ។
ក្រោយពេលប្តីទៅ ប្រពន្ធនៅផ្ទះវាមានសាហាយ
វេលាយប់ដែលប្តីមកដល់ផ្ទះ សាហាយនោះវាមកស្តាប់នៅក្រោមផ្ទះ
វាចង់ដឹងរឿងឆាប់ឲ្យមេស្រីសហាយវាសួរថា
"ដំណើរដូចម្តេចក៏ចាំព្រឹកបាននិយាយ?" ។
ប្រពន្ធចេះតែអោបអង្អែលៗទ្រាំពុំបានប្តីក៏និយាយប្រាប់ថា
"អញនិយាយនឹងឯងនេះខុសគ្រូហើយ ដ្បិតគ្រូផ្តាំថា :
ដេកយប់កុំនិយាយនឹងស្រី ឥឡូវនេះអញនិយាយខុសបណ្តាំគ្រូហើយ" ។
ប្រពន្ធសួរថា "អ្នកទៅបានរបស់អ្វីមកខ្លះ?" ។ ប្តីថា
"បានតែរបៀនបីបទ ហើយត្រឡប់មកវិញ
ដល់ពាក់កណ្តាលផ្លូវបានដំបងវាយឯង" ។ ប្រពន្ធសួរថា
"ដំបងនោះទុកនៅឯណាឥឡូវនេះ?ខ្ញុំចង់ឃើញ" ។ ប្តីថា
"អញទុកក្រោមជណ្តើរយកថ្មគ្រប" ថាហើយក៏ដេកលក់ទៅ ។
សហយលបស្តាប់ឮហើយ ក៏ទៅក្រោមជណ្តើររើសយកដំបងនោះទៅបាត់ទៅ ។
លុះព្រឹកព្រហាមស្រាងៗឡើង បុរសនោះរឭកពីដេកចុះទៅរកដំបងពុំឃើញ
ក៏ប្រាប់ប្រពន្ធថា "អញប្រាប់ឯងមិនជឿ អញថា ខុសគ្រូហើយ
ឯងចេះតែលួងអញ ទាល់តែអញប្រាប់ឥឡូវនេះ
មនុស្សវាឮវាលួចយកដំបងបាត់ហើយ " ។ ប្រពន្ធឮហើយដឹងថា
សហាយលួចក៏មិនស្តីដណ្តាំបាយឲ្យប្តីស៊ីៗរួចហើយ
បុរសនោះក៏យកខ្សែចងដុំថ្មដែលគ្របលើដុំថ្មនោះ
នាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោរឲ្យ
មេស្រុកបើជំនុំជម្រះដូចម្តេច ពីព្រោះថ្មពុំស្តីគេជេរថា
"អាកំព្រើល! តាំងពីដូនតាមកនរណាដែលឃើញដំបងវាយឯង"
គេគម្រាមហើយគេដេញចេញទៅ ។
បុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីស្រុកទៅដល់លោកយមរាជ
អ្នករាជការ គ្រប់ក្រសួងគេចេះតែដេញចេញ គេថាមនុស្សឆ្កួត គេមិនឲ្យចូល
។ បុរសនោះអូសថ្មទៅថ្វាយស្តេចៗទ្រង់សួរសព្វគ្រប់ហើយ
ទ្រង់ប្រាប់អស់នាហ្មឺនថា "មែនបានគេថា មានប្រឡាយបានទឹកហូរ
មានសម្រាមបានឆ្កែវាជុះ អស់នាហ្មឺនកុំថា
វាឆ្កួតសេចក្តីនេះមែនហើយ បានជាវាហ៊ានថា"
ស្តេចមានព្រះបន្តូលប្រាប់បុរសថា "ណ្ហើយវិលទៅផ្ទះចុះ
កាលណាអញឲ្យគេទៅហៅចាំមក" ។ បុរសនោះទូលថា "ព្រះករុណាថ្លៃវិសេស"
ហើយក្រាបថ្វាយបង្គំលាទៅផ្ទះវិញ ។
ក្រោយពេលបុរសនោះទៅស្តេចទ្រង់ព្រះរាជបញ្ជឲ្យប្រាប់
បណ្តាប្រជារាស្ត្រថា
"ដ្បិតស្តេចឲ្យអស់ព្រះស្នំចេញរាំបីថ្ងៃបីយប់
ឲ្យបណ្តារាស្ត្រមើលតាមចិត្ត ពុំមានឃាត់ឃាំងឡើយ"
ហើយទ្រង់រៀបលេងល្ខោន ។ កាលនោះអស់រាស្ត្រសឹងតែចូលទៅមើលគ្រប់គ្នា ។
ស្តេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេង
ក្រអូបយ៉ាងចំឡែកមួយដប ដែលសំរាប់តែស្តេច
អស់រាស្ត្រនាហ្មឺនពុំដែលមាន
ទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបុរសនោះ ហើយប្រាប់ថា
"ស្តេចទ្រង់ព្រះរាជទានឲ្យអ្នកឯង និងប្រពន្ធអ្នកឯងលាប
ប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោន ឲ្យតែប្រពន្ធទៅបានហើយ" ។
អាមាត្យអ្នកយកទៅឲ្យប្រាប់សព្វគ្រប់ វិលទៅក្រាបបង្គំទូលស្តេចវិញ
។ បុរសនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថា
"ព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះរាជទានប្រេងនេះមក
ព្រោះទ្រង់អាណិតស្រលាញ់ឲ្យយើងលាបទៅមើលល្ខោននឹងគេ
តែឥឡូវនេះអញឈឺក្បាល ឯងយកទៅលាប ហើយទៅមើលល្ខោននឹងគេចុះ" ។
ឯប្រពន្ធឮប្តីបើកឲ្យទៅ ហើយឲ្យទាំងប្រេងទៅលាបផងដូច្នេះ
អរពន់ពេក ដោយពុំបានដឹងកលជាគេនឹងចាប់ ក៏យកប្រេងទៅឲ្យសហាយលាបផង
ហើយបណ្តើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នា ។ លុះបន្តិចទៅ
ស្តេចទ្រង់ធុំក្លិនក្រអូបប្រេងនោះ
ទ្រង់ខ្សឹបប្រាប់នាហ្មឺនម្នាក់ថា
"ចូរអ្នកទៅហិតក្លិនប្រេងក្រអូបយ៉ាងនោះ
ប៉ុន្មាននាក់ចូរអ្នកនាំយកមកឲ្យអញជាឆាប់" ។
នាហ្មឺននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំសោះ
តែប្រុសម្នាក់ ស្រីម្នាក់
ដែលឈរទន្ទឹមគ្នាលាបប្រេងក្រអូបទាំងពីរនាក់នេះ
ក៏នាំយកទាំងប្រុសទាំងស្រីយកទៅថ្វាយស្តេចៗឲ្យលែងរាំទៅ
ហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រី មកដល់ហើយ ទ្រង់សួរថា
"នេះជាប្រពន្ធចៅឯងមែនឬ?" ។ បុរសនោះក្រាបបង្គំទូលថា "មែន" ។
ទ្រង់មានព្រះបន្ទូលសួរទៅប្រុសជាសហាយនោះថា
"ឯងបានទៅលួចដំបងចៅនោះមែនឬ?" ។ សហាយនោះក្រាបបង្គំទូលថា
"លួចមែន" ។ ទ្រង់ឲ្យទៅយកដំបងនោះមកឲ្យ
យកសហាយទាំងប្រុសទាំងស្រីនោះទៅដាក់ច្រវាក់ធ្វើទោស ។
បុរសជាម្ចាស់ដំបងថ្វាយដំបងបង្គំសូមទោស
ហើយក៏ប្រគល់ទាំងផ្ទះសំបែងទាំងប្រពន្ធទៅសហាយនោះទាំងអស់ដោយពុំ
មានខឹងអ្វីឡើយ ។ បុរសសហាយនោះអរណាស់ សំពះសូមទោសរួចវិលទៅវិញ ។
ឯបុរសម្ចាស់ដំបងថ្វាយដំបងទៅស្តេច
ហើយក្រាបលាទៅទៀតស្តេចឃាត់ក៏ពុំព្រម ទ្រង់មានព្រះបន្ទូលថា
"ដំបងវាយឯងនេះថ្លៃណាស់" ទ្រង់ព្រះរាជានុញ្ញាតបីឃ្លាំងមាសប្រាក់
ឲ្យបុរសនោះយកតាមចិត្ត ។
បុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អម្បាលនោះ ទៅឃើញកាំបិតបន្ទោះ ១
ចាស់នៅក្រោមខ្លាំង ក៏យកកាំបិតនោះ
និងប្រាក់បន្តិចបន្តួចគ្រាន់តែចាយតាមផ្លូវ
ហើយចូលទៅក្រាបថ្វាយបង្គំលាស្តេចដើរចេញទៅទៀត ។
ស្តេចពុំមានព្រះបន្ទូលអ្វីទេ
តែអស់នាហ្មឺនគេត្មះតិះដៀលបុរសនោះថា "ជាមនុស្សឆោត
មាសប្រាក់មិនយក ទៅយកកាំបិតច្រេះស៊ី" ។
បុរសនោះដើរចេញពីនគរនោះ បានទៅនគរមួយដទៃទៀត ។
ជួនជាថ្ងៃមួយនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថា
"ព្រឹកស្អែកទ្រង់ទៅក្រសាលព្រៃ ឲ្យមហាសេដ្ឋីធ្វើរទះមួយ
យ៉ាងល្អល្អះឲ្យឆ្លាក់ ក្បាច់លាបលនឲ្យហើយ
ឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះ
បើធ្វើពុំទាន់នឹងយកទៅកាត់ទោសស្លាប់ខ្លួន" ។ រីឯមហាសេដ្ឋី
នោះធ្វើពុំទាន់ ហើយពុំធ្វើរទេះបែរជាទៅធ្វើឯក្តារមឈូសទៅវិញ ។
ថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញមហាសេដ្ឋីនោះកំពុងតែធ្វើបុណ្យក៏
សួរថា
"ចុះលោកមានការអ្វីបានជាធ្វើបុណ្យមានក្តារមឈូសផងដូច្នេះ?" ។
គេប្រាប់ថា "ស្តេចឲ្យធ្វើរទេះមួយយ៉ាងល្អ ឲ្យទាន់ពេលព្រឹកស្អែកនេះ
ស្តេចនឹងទៅក្រសាលព្រៃ បើធ្វើពុំទាន់ ស្តេចនឹងយកទោសឥឡូវនេះ
មហាសេដ្ឋីធ្វើពុំទាន់ ដឹងខ្លួនថា ស្លាប់
បានជាធ្វើមឈូសធ្វើបុណ្យវិញ" ។
បុរសនោះឆ្លើយថា
"ក្រអ្វីប៉ុណ្ណឹង ឲ្យតែបាយខ្ញុំស៊ី
ខ្ញុំនឹងធ្វើឲ្យទាន់ព្រឹកនេះ" ។ មហាសេដ្ឋីបានឮដូច្នេះ អរណាស់
ហើយឲ្យរៀបបាយទឹកស៊ីឲ្យឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះ ។
បុរសនេះក៏ធ្វើតែនឹងកាំបិតមួយ
ដែលយកក្រោមបាតឃ្លាំងនោះបានរួចស្រេចក្នុងយប់នោះ
ហើយលាបលន់យ៉ាងល្អ ព្រឹកឡើងក៏អូសទៅថ្វាយស្តេចៗទ្រង់ទតឃើញ
ទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃ ។
ឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយ ក៏នឹកក្នុងចិត្តថា
"អ្នកនេះមានគុណធ្ងន់ណាស់ ឥឡូវនេះនឹងរកអ្វីឲ្យសងឲ្យស្មើគ្មាន
មានតែកូនក្រមុំ ១ ល្មមឲ្យមានប្តី ដូច្នេះមានតែអញការឲ្យអ្នកនោះ"
គិតហើយក៏ហៅមកការឲ្យទៅ ។ លុះការហើយក្នុងយប់នោះពេលផ្សំដំណេក
បុរសនោះគិតល្បងចិត្តប្រពន្ធ ហើយធ្វើជាផឹកស្រាស្រវឹងដេកទៅ
យប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់ ។
កូនសេដ្ឋីឃើញក្អូតប្រឡាក់ខ្លួនដូច្នេះ ក៏ស្រែកឡើងក្នុងយប់នោះថា
"ឱលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សប្រមឹក
ក្អូតប្រឡាក់ខ្ញុំអស់ហើយ ខ្ញុំទ្រាំមិនបានទេ"
។មហាសេដ្ឋីឮកូនស្រែកដូច្នេះក៏ឃាត់ទៅថា "កូនដេកទៅ
កុំនិយាយដ្បិតប្តីកំពុងស្រវឹង ហើយគេមានគុណផង"
ឃាត់ដូចម្តេចក៏មិនស្តាប់ថា "ឲ្យទៅឆ្កែឆ្មាទ្រាំបាន
ឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេ" ។
លុះព្រឹកឡើងបុរសនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញ
ប្រាប់ថា "មិនព្រមយកទេ" ហើយថា មិនបានប៉ះដៃជើងឡើយ ។
មហាសេដ្ឋីឃាត់សុំទោសឲ្យកូនក៏បុរសនោះពុំព្រមនៅ
ពុំព្រមយកហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀត ។
លុះស្តេចយាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញ
ទ្រង់ស្តាយណាស់ទ្រង់ឲ្យអស់នាហ្មឺនចាត់សំបុត្ររកគ្រប់ខេត្តក៏ពុំ
ឃើញ ហើយទ្រង់នៅស្ងៀមទៅ ។
ឯបុរសនោះលាសេដ្ឋីដើរទៅឆ្ងាយក៏បានទៅដល់នគរមួយដទៃទៀត ។
ស្តេចនគរនោះទ្រង់ឲ្យនាហ្មឺនម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជ
រោងរាល់យប់ ។ ស្តេចទ្រង់ចេញកាប់តែរាល់យប់
ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះ ស្លាប់អស់នាហ្មឺនជាច្រើន ។
ថ្ងៃបុរសនោះទៅដល់ ជួនត្រូវលើវេនចៅហ្វ៊ាទៅដេកថ្វាយស្តេច
គាប់ចៅហ្វ៊ានោះក៏ធ្វើបុណ្យទានថ្ងៃនោះ ។ បុរសនោះទៅដល់សួរគេថា
"លោកមានការអ្វីបានជាធ្វើបុណ្យទាន
ហើយម្តេចក៏កូនប្រពន្ធយំរាល់គ្នាដូច្នេះ?" ។ គេប្រាប់ថា
"លោកត្រូវទៅដេកវេន ថ្វាយស្តេចកាប់ល្ងាចនេះ
បានជាលោកធ្វើបុណ្យមុនស្លាប់" ។ បុរសនោះថា "ឲ្យតែបាយខ្ញុំស៊ីចុះ
ខ្ញុំទៅដេកថ្វាយស្តេចជួស" ។
គេឮដូច្នេះក៏ទៅជំរាបចៅហ៊្វាៗ ឲ្យហៅបុរសនោះទៅ
ឲ្យរៀបបាយទឹកស៊ីហើយសួរថា
"បើអ្នកទៅដេកវេនថ្វាយស្តេចជួយខ្ញុំៗនឹងធ្វើបុណ្យឲ្យអ្នក" ។
បុរសនោះក៏ទទួលដេកជួស ហើយសុំគ្រឿងប្រដាប់
ចៅហ្វ៊ាពាក់នោះយកមកពាក់
ហើយក៏លីកាំបិតបន្ទោះចូលទៅដេកចុងព្រះរាជរោង បុរសនោះពុំដេកឡើយ
ចាំស្តេចចេញមកកាប់ ។ ទៅដល់ចុងព្រះរាជរោង បុរសនោះពុំដេកឡើយ
ចាំស្តេចពេលយប់ជ្រៅស្ងាត់
ស្តេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរស
នោះ ។ បុរសនោះឃើញស្តេចយាងមកជិតក៏ស្ទុះចូលទៅចាប់ស្តេចជាប់
ហើយក៏ចាក់នឹងកាំបិតបន្ទោះបង្ខុសពីរបីដង ហើយសួរថា "នរណា!
ចូលមកទាំងយប់? ស្តេចទ្រង់ឲ្យអញមានចាំយាមក្នុងយប់នេះ"
ថាហើយក៏ចាក់បង្ខុសទៀត ។ ស្តេចទ្រង់មានព្រះបន្ទូលថា "ទេ!
អញទេ!" ។ "នរណា! អញទេ?" ។ "អញជាស្តេច" ។ "ស្តេចអីមកពេលនេះ?
អញមិនដឹងទេ!
ដ្បិតស្តេចទ្រង់ឲ្យអញចាំព្រះរាជរោងក្នុងយប់នេះ" ។
សួរដេញដោលដូច្នេះហើយបុរសនោះក៏លត់ជង្គង់ថ្វាយបង្គំស្តេចសូមទោស ។
ស្តេចត្រាស់សួរថា "ចៅនៅឯណា?" ។ បុរសនោះថា "ខ្ញុំនៅផ្ទះចៅហ្វ៊ា"
។ ស្តេចទ្រង់ជ្រាបទ្រង់ញញឹម ហើយទ្រង់ចូលទៅក្នុងវិញ ។
លុះព្រឹកឡើងបុរសនោះលីកាំបិតចេញពីក្នុងវាំងមកផ្ទះចៅហ្វ៊ា ។
អ្នកផងឃើញឆ្ងល់ថា
"បុរសនោះទៅដេកវេនថ្វាយស្តេចកាប់ម្តេចក៏មិនស្លាប់ត្រឡប់ជាមក
វិញ?" ។ ចៅហ្វ៊ាសួរ បុរសនោះជំរាបតាមដំណើរសព្វគ្រប់ហើយ
ជម្រាបថែមទៀតថា "ស្តេចសព្វថ្ងៃនេះមិនមែនជាកាចទេ
ដ្បិតទ្រង់ពិសោធន៍រកមនុស្សចេះដឹងក្នុងនគរ ដើម្បីរក្សាស្តេច
បានជាទ្រង់ចាត់មនុស្សឲ្យយាម ទៅយាមចេះតែដេកលក់
ទើបស្តេចទ្រង់កាប់ ចុះបើសត្រូវវាចូលទៅលុកលុយស្តេច
ហើយយើងដេកលក់នោះ តើនឹងជាយ៉ាងណាទៅ?" ។
បុរសនោះនិយាយរឿងប្រាប់សព្វគ្រប់ទើបភ្ញាក់ខ្លួនរាល់គ្នា ។
ចៅហ្វ៊ានោះមានកូនក្រមុំមួយ ក៏ឲ្យជាប្រពន្ធបុរសនោះ ដោយគិតថា បុរសនោះមានគុណធ្ងន់ណាស់ ។
លុះព្រឹកឡើងស្តេចទ្រង់ឲ្យហៅបុរសនោះមក ទ្រង់ឲ្យធ្វើជានាហ្មឺនធំ រក្សាព្រះនគរ បន្ទាប់ពីព្រះអង្គ ។
វេលាស្តេចទ្រង់ព្រះជរាទៅ ទ្រង់ពុំមានព្រះរាជបុត្រ
នឹងសោយរាជ្យស្នង មានតែព្រះរាជធីតាមួយអង្គ ក៏ទ្រង់ព្រះរាជទាន
ព្រះរាជធីតា និងរាជសម្បត្តិឲ្យបុរសនោះសោយរាជ្យជាស្តេចទៅ ៕
Saturday, December 14, 2013
រឿង ពាក្យសុភាសិតតម្លៃ ៣០ តម្លឹង
9:13 PM
មិនមានយោបល់
Subscribe to:
Post Comments (Atom)
0 ផ្ដល់យោបល់:
Post a Comment