កាលពីព្រេងនាយនៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេ មានតែពស់កេងកង ។
មាននិទានថា : កាលពីដើមឡើយមានមនុស្ស ២ នាក់ប្តីប្រពន្ធ
ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយឈ្មោះនាងអេត ។
ប្តីនោះទៅជួញអង្គាំបាត់ជាយូរអង្វែង ។
ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស ។
ឯនាងនីឮគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ
យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ ។
នាងនីយកដឹងពុះអុស លុះពុះយូរបន្តិចទៅ
ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។
នាងនីមើលទៅឃើញដឹងនិងពស់កេងកង
ក៏និយាយនឹងពស់កេងកងនោះឲ្យហុចដឹងឲ្យ ។ ឯពស់កេងកងឆ្លើយឡើងថា
"អើ? បើនាងឯងដោយអញ ធ្វើជាប្រពន្ធអញទើបអញឲ្យដឹង
បើនាងមិនដោយអញ មិនធ្វើជាប្រពន្ធអញនោះ អញមិនឲ្យដឹងទេ" ។
នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូចក៏ទទួលព្រមថា "អើ
!លែងតែអ្នកឯងឲ្យដឹងមកខ្ញុំ ចាំល្ងាចខ្ញុំឲ្យមេអេតមកហៅ" ។
ពស់កេងកងឮនាងនីថាដូច្នោះ ក៏ឲ្យដឹងមក ។ នាងនីផ្តាំ
"ដល់ល្ងាចសឹមឲ្យមេអេតមកហៅ"
ហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយនាងអេត
លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង ។
នាងអេតទៅដល់មាត់រន្ធពស់ឆ្លើយថា "ពស់កេងកង! ៗ នាងនីឲ្យហៅ" ។
ឯពស់កេងកងឮហើយចេញមក ។
នាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួន
ប៉ុន្តែខ្លាចម្តាយព្រោះម្តាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ
។ ពស់នោះធំណាស់លូនទៅលើស្មៅបាក់រាបអស់
ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី ។
នាងនីនិយាយនឹងពស់កេងកងថា "ខ្ញុំមានប្តី
ឥឡូវនេះគាត់ទៅជួញអង្គាំពីរបីឆ្នាំមកម្តងៗ" ។ ពស់កេងកងសួរថា
"ប្តីនាងឯងនៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់?" ។
នាងនីឆ្លើយថា "មិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតមកដល់ទេ"
ពស់កេងកងនិងនាងនីក៏ដេកលក់ជាមួយគ្នាទៅ
ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ ។ នាងនីផ្តាំថា
"បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក
បើប្តីខ្ញុំមិនទាន់មកនោះ ខ្ញុំបើមេអេតឲ្យទៅហៅអ្នក
សឹមអ្នកមក" ។ ពស់កេងកងក៏ទៅរូងវិញទៅ ។
រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង ។
នាងអេតខ្លាចម្តាយក៏ទៅហៅតាមពាក្យម្តាយប្រើ
ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង ។
មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយសហាយនឹងពស់ ។
នាងអេតទៅដល់មាត់រូងហៅថា "ពស់កេងកង!ៗ នាងនីឲ្យហៅ" ។
ពស់កេងកងឮក៏លូតចេញមកហើយឆ្លើយថា "អេតអើយអេត! បើអញទៅ
ឪពុកអេតនៅកាប់កអញដាច់" ។ នាងអេតឆ្លើយថា "ឪពុកអញទៅជួញអង្គាំ
ពីរបីឆ្នាំមិនទាន់មកដល់" ។
ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរន្ធមក
ហើយចេះតែទៅមកៗតែសព្វថ្ងៃ ។ នាងនីសហាយពស់កេងកងទាល់តែផើម ។
ដល់យូរបន្តិចទៅ ប្តីនាងនីមកពីជួញអង្គាំវិញ
ឃើញនាងនីពោះធំសង្ស័យក៏សួរនាងអេតជាកូន ។ នាងអេតប្រាប់ឪពុកថា
"ម៉ែគាត់សហាយជាមួយនឹងពស់កេងកង តែវេលាព្រលប់កាលណា
ឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ" ។ ឪពុកឮនាងអេតប្រាប់ដូច្នោះ
ក៏និយាយនឹងនាងអេតថា "ដល់ល្ងាចនេះឯងទៅហៅពស់កេងកងនោះមកទៀត
អញចាំកាប់វានៅមាត់ទ្វារ ហើយហងទៅកុំឲ្យម្តាយហងឯងដឹង" ។
ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា "ពស់កេងកង!ៗ
នាងនីឲ្យហៅ" ។ ពស់កេងកងឮហើយឆ្លើយថា "អេតអើយអេត! បើអញទៅ
ឪពុកអេតនៅកាប់កអញដាច់" ។ នាងអេតឆ្លើយថា "ឪពុកអញទៅជួញអង្គាំ
ពីរបីឆ្នាំមិនទាន់មកដល់" ។
ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកមិនទាន់មកពីជួញ
អង្គាំមែន ក៏ទៅសព្វថ្ងៃ ។
ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ ។
ពស់កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់កដាច់
ហើយកាត់មួយកំណាត់ ខាងកន្ទុយយកទៅដាក់លើស្លាក
មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្ទ្រា
ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លះពន្លាត់ស្បែកចោល
ហើយផ្តាំនាងអេតថា "កុំឲ្យម្តាយហងឯងដឹងតែត្រូវទុក
សាច់ស្លឲ្យម្តាយហងឯងស៊ី" ។
ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ ។
ឯនាងពុំបានដឹងជាប្តីកាប់ពស់ជាសហាយស្លាប់ទេ
ព្រោះពេលនោះនាងនីមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយ ។
លុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្តាយស៊ី ។
នាងនីឃើញសម្លឆ្ងាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា
"បានសាច់អ្វីស្លមេអេត!" ។ នាងអេតប្រាប់ថា "សាច់ជ្រូក"
នាងនីគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យដួសសម្លយកមកស៊ីបាយ ។
កាលនាងនីដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ីនោះ
មានក្អែកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្ទ្រា
វាចង់ស៊ីសាច់ពស់វាបូលថា "ក៏ឡូវៗ ក្លេមក្លមលបសាច់ប្តីឯង" ។
នាងនីកំពុងតែស៊ីបាយ ឮក្អែកបូលដូច្នោះក៏មើលទៅលើដើមពុទ្ទ្រា
ឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក
តែនាងនីពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា ។
ប្តីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា
"ហេតុដូចម្តេចបានជាស្រក់ទឹកភ្នែក?" ។ នាងនីឆ្លើយថា
"ស៊ីបាយក្តៅ សម្លក្តៅរឭកកូនចៅ រលោងទឹកភ្នែក" ។
ឯក្អែកនោះចេះតែបូល "ក៏ឡូវៗ ក្លេមក្លមលបសាច់ប្តីឯង
ក្បាលដាក់លើមែកពុទ្រា្ទ កន្ទុយដាក់លើស្លាក" ។
នាងនីមើលទៅលើស្លាក ឃើញកន្ទុយពស់កេងកងនៅទីនោះ ។
ឯប្តីនាងនីដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដ
ក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី
ប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួន ។ ដល់នាងនីផើម
ចាស់ថ្ងៃជិតនឹងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង
លុះដើរទៅដល់មាត់បឹង ប្រាប់ប្រពន្ធថា "ទៅទៀតឲ្យឆ្ងាយពីស្រុកគេ
យើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង" ។
នាងនីមិនដឹងខ្លួនជាប្តីគិតសម្លាប់ខ្លួន
ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ ។
លុះឃើញកំពង់មួយរាបស្អាតវាលល្អ ប្តីប្រាប់ប្រពន្ធថា
"កំពង់នេះរាបសប្បាយយើងកក់សក់នៅនេះចុះ" ។ ឯនាងនីមិនដឹងថា
ប្តីគិតសមា្លប់ខ្លួន ក៏អង្គុយកក់សក់នៅមាត់ច្រាំង ។
ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន
ដាច់ពាក់កណ្តាលខ្លួនស្លាប់ទៅ ។ ពេលនោះ
ឃើញសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនីមក ។
ប្តីនាងនីក៏កាត់កូនពស់នឹងដាវ ខ្លះកាប់មិនទាន់
ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុងព្រៃ ។
ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ ៕
Saturday, December 14, 2013
រឿង ពស់កេងកង
9:12 PM
មិនមានយោបល់
Subscribe to:
Post Comments (Atom)
0 ផ្ដល់យោបល់:
Post a Comment