មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកហើររកចំណីវា
ទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា "ពេលនេះមានលាភបានស៊ីដង្កូវ"
ក៏ហើរទៅទំជិតដង្កូវ ។
ដង្កូវក្រឡេកឃើញក្អែកក៏នឹកឃើញថា
"ខ្លួនអាក្អែកនេះចិត្ដឃោរឃៅនឹងចឹកស៊ីអញឥឡូវហើយ" ។ ដង្កូវសួរក្អែកថា
"មករកអ្វី?" ។ ក្អែកប្រាប់ដង្កូវវិញថា "អញមកស៊ីដង្កូវឯង" ។
ដង្កូវថា
"លុះត្រាតែក្អែកឯងរកប្រស្នាអញឃើញ ទើបស៊ីអញបាន បើរកប្រស្នាអញមិនឃើញទេ
ស៊ីអញមិនបានទេ" ។ ក្អែកសួរថា "ប្រស្នាដង្កូវឯងយ៉ាងដូចម្តេច
សួរមកចុះអញនឹងរកឲ្យឃើញ" ។ ដង្កូវសួរទៅក្អែកដូចមានតទៅនេះ ៖
១- ដូចម្តេចដែលហៅថា ផ្អែមជាងគេបំផុត ?
២- ដូចម្តេចដែលហៅថា ជូរចត់ជាងគេបំផុត ?
៣- ដូចម្តេចដែលហៅថា ស្អុយជាងគេបំផុត ?
៤- ដូចម្តេចដែលហៅថា ក្រអូបជាងគេបំផុត ?
កាលបើក្អែកបានឮដង្កូវសួរប្រស្នាទាំងបួនបទនេះហើយ
មានសេចក្តីត្រេកអរជាទីបំផុត ក៏ស្រែកហ៊ោរកញ្ជ្រៀវលេងដោយគិតថា
"ប្រស្នាដង្កូវទាំងបួនបទនេះ
អញមុខជារកឃើញឥឡូវហើយ និងបានស៊ីដង្កូវឥឡូវនេះមិនខាន" ទើបក្អែកឆ្លើយដោះប្រស្នាដូចមានតទៅនេះ ៖
១- ដែលគេហៅថា "ផ្អែមនោះគឺមានស្ករ និងទឹកឃ្មុំ ផ្អែមជាងផ្អែមទាំងពួង" ។
២- ដែលគេហៅថា "ជូរចត់នោះ គឺមានម្ជូរក្រូចឆ្មារ អម្ពិល ម្ជូរសណ្តាន់ ម្ជូរក្រសាំង និងទឹកខ្មេះ" ។
៣- ដែលគេហៅថា "ស្អុយជាងគេនោះ គឺអាចម៍ និងកម្រង់ខ្មោចសត្វទាំងពួង" ។
៤- ដែលគេហៅថា "ក្រអូបជាងគេនោះ គឺផ្ការំដួល ម្លិះ និងទឹកអប់" ។
ក្អែកបានដោះប្រស្នាទាំងបួនបទនេះប្រាប់ទៅដង្កូវ ។ ដង្កូវថា
"ក្អែកដោះប្រស្នានេះមិនត្រូវទេ" ។ ក្អែកក៏ដាក់មុខស្រងូតនិយាយទៅដង្កូវវិញថា
"បើដង្កូវឯងថាខុស
សុំឲ្យដង្កូវឯងប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផង" ។
ដង្កូវប្រាប់ទៅក្អែកវិញថា "ប្រាប់បានតែក្អែកឯងកុំស៊ីអញ ទើបអញប្រាប់" ។
ក្អែកថា "ឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេ"
។ លុះបានចុះខសន្យាព្រមព្រៀងគ្នាយ៉ាងនេះហើយ ដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកដូចមានពាក្យតទៅនេះ ៖
១- ដែលគេហៅថា ផ្អែមនោះ គឺមិនមែនផ្អែមស្ករ ទឹកឃ្ញុំនោះទេ
គឺផ្អែមពាក្យសំដីដែលនិយាយទៅមករកគ្នា ដោយពាក្យពីរោះស្មោះត្រង់រកគ្នា
នេះហើយហៅថា "ផ្អែមជាទីបំផុត"
។
២- ដែលគេហៅថា ជូរចត់នោះ
មិនមែនជូរចត់អម្ពិលសណ្តាន់ក្រូចឆ្មារ ទឹកខ្មេះនោះទេ
គឺដែលនិយាយកាន់គ្នាទៅវិញទៅមកនូវពាក្យផរុសវាទ ឃោរឃៅឥតគួរសម
នេះហើយហៅថា "ជូរចត់លើសេចក្តីជូរចត់ទាំងពួង" ។
៣- ដែលគេហៅថា ស្អុយនោះ មិនមែនស្អុយអាចម៍ ស្អុយគម្រង់នោះទេ គឺស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោក នេះហើយហៅថា "ស្អុយច្រាសខ្យល់" ។
៤- ១- ដែលគេហៅថា ក្រអូបនោះ គឺមិនមែនក្រអូបផ្កា ឬទឹកអប់នោះទេ
គឺក្រអូបកេរ្តិ៍ឈ្មោះដែលប្រតិបត្តិល្អ នេះហើយហៅថា "ក្រអូបជាងក្រអូបទាំងពួង"
។
ក្អែកបានស្តាប់ប្រស្នានេះហើយ ឈប់ស៊ីដង្កូវទៅ ៕
Saturday, December 14, 2013
រឿង ដង្កូវ និងក្អែក
10:01 PM
មិនមានយោបល់
Subscribe to:
Post Comments (Atom)
0 ផ្ដល់យោបល់:
Post a Comment